អ្នកជំនាញអះអាងថាដើមធ្លកប្រទះឃើញនៅបាតប្រាសាទភិមានអាកាសបញ្ជាក់ថារឿងព្រេងនគរគោកធ្លកមានកំណើតនៅអង្គរ

71

គម្រោងសា្រវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា និងការវិភាគវិទ្យាសាស្រ្ត ទទួលបានលទ្ធផលជាបណ្តើរថា ព្រះបរមរាជវាំងបានស្ថាបនាជា១០ដំណាក់កាលផ្សេងៗគ្នា នៅក្នុងសម័យកាល៣ធំៗនៃប្រវត្តិសាស្រ្តខ្មែរ។ ក្នុងចំណោមសំណល់បុរាណវត្ថុសំខាន់ៗដែលប្រទះឃើញ ក៏មានភស្តុតាងមួយដែលអ្នកស្រាវជ្រាវភ្ញាក់ផ្អើលខ្លាំង មិនដែលជួបប្រទះនោះ គឺឃើញដើមធ្លកកប់ពីក្រោមនៃប្រាសាទភិមានអាកាស។

តើដើមធ្លកដែលកប់នៅបាតប្រាសាទ មានអ្វីសំខាន់ទាក់ទងនឹងរឿងនិទានអំពីកំណកំណើតនៃប្រទេសខ្មែរ?
លទ្ធផលដែលអស្ចារ្យនោះ គឺរឿងព្រេងនគរគោកធ្លកដែលលេចឮនៅសតវត្សទី១៩ ពិតជាមានកំណើតនៅអង្គរ ពោលគឺមានទាក់ទងនឹងប្រាសាទភិមានអាកាស ត្បិតដើមធ្លកនិងគ្រាប់ធ្លកបានប្រទះឃើញនៅបាតប្រាសាទនេះឯង។ លោក Jacques Gaucher (ហ្សាក់ ហ្គូសេ) ប្រធានគម្រោងស្រាវជ្រាវ MoDaThom (ម៉ូដាធំ) បានបញ្ជាក់ថា តាមរយៈការស្រាវជ្រាវជិត២០ឆ្នាំមកនេះ នាំឱ្យឲ្យដឹងកាន់តែច្បាស់ថា ក្នុងអតីតព្រះបរមរាជវាំងនេះ ប្រហែលមានកំណើតរៀបចំតាំងពីស.វទី៩ ហើយបន្តប្រើប្រាស់រហូតដល់ស.វទី១៦។ លើសពីនេះទៀត តាមរយៈភស្តុតាងរកឃើញក្នុងរណ្តៅកំណាយ គេក៏អាចស្មានបានថា អាគារវាំងដំបូងទីសង់ពីឈើប្រក់ក្បឿង និងមានការរៀបចំជាបន្តបន្ទាប់ពីអង្គក្សត្រមួយទៅអង្គក្សត្រមួយទៀត។

ភស្ដុតាងសំខាន់គួរឲ្យចាប់អារម្មណ៍ និងជាទិន្នន័យបញ្ជាក់ពីរឿងព្រេងទាក់ទងនឹងព្រះថោងនិងនាងនាគ គឺការរកឃើញដើមធ្លកនិងគ្រាប់ធ្លក ដែលបានបញ្ចុះនៅបាតប្រាសាទភិមានអាកាស។ នេះជាទិន្នន័យថ្មី និងជាព័ត៌មានដ៏សំខាន់សម្រាប់សិក្សាពីប្រវត្តិកំណកំណើតនៃរឿងព្រេងនគរគោកធ្លក ដែលខ្មែរបាននិទានតគ្នាតាំងពី.វទី១៩គសមក។ ចំពោះលោក Jacques Gaucher ភស្ដុតាងនេះគឺជាទម្ងន់មួយបញ្ជាក់ថា ប្រវត្តិនគរគោកធ្លកប្រហែលជាមានកំណើតនៅតំបន់អង្គរនេះមែន។

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរអប្សរា បានរំលឹកថាកាលពីប៉ុន្មានឆ្នាំមុននៃការរកឃើញដើមធ្លកនេះ លោកសាស្រ្តាចារ្យ អាំង ជូលាន នរវិទូ នៃអាជ្ញាធរអប្សរា និងបង្រៀននៅមហាវិទ្យាបុរាណវិទ្យា បានសិក្សាស្រាវជ្រាវផ្នែកនរវិទ្យានិងប្រវត្តិសាស្រ្តជាច្រើនឆ្នាំនៅអង្គរ បានប្រទះឃើញភស្តុតាងជាច្រើន ដែលទាក់ទងនឹងរឿងនគរគោកធ្លកនេះ។ លោកបានផ្សព្វផ្សាយការរកឃើញនោះកន្លងមកដែរ ដោយផ្អែកលើទិន្នន័យនរវិទ្យានិងប្រវត្តិសាស្រ្ត។ បន្តបន្ទាប់មកទៀត លោក Jacque Gaucher បានប្រាស្រ័យគ្នាជាមួយលោកសាស្រ្តាចារ្យ អាំង ជូលាន ផ្លាស់ប្តូរនិងពិភាក្សាគ្នាអំពីទិន្នន័យបានមកពីការស្រាវជ្រាវនៃវិជ្ជាទាំងពីរនេះ ទាក់ទងនឹងដើមធ្លកនៅបាតប្រាសាទភិមានអាកាស។ ដូច្នេះភស្តុតាងនៃវិជ្ជាទាំងនរវិទ្យានិងបុរាណវិទ្យា មានទិន្នន័យដូចគ្នា ដែលជាមូលដ្ឋានក្នុងការពិចារណាថា រឿងព្រេងព្រះថោងនិងនាងនាគ ឬក៏ថារឿងនគរគោកធ្លក ដែលជារឿងកំណើតនៃពង្សខ្មែរ មានកំណើតនៅអង្គរធំ ។

ក្រៅពីនេះ អ្នកស្រាវជ្រាវបានរកឃើញពីការវិវត្តន៍នៃការរៀបចំក្នុងក្រុងអង្គរធំផងដែរ។ ដំបូងឡើយ ស្ទឹងសៀមរាបរត់នៅខាងលិចព្រះបរមរាជវាំង បន្ទាប់មកក៏មានការលុប និងកែសម្រួលលើកទៅខាងកើតវិញ។ ក្នុងនោះដែរ គេក៏ប្រទះឃើញពីទ្រង់ទ្រាយ និងបច្ចេកទេសនៃការសាងសង់អាគារនៅក្នុងព្រះបរមរាជវាំងដែលធ្វើពីឈើ មានប្រក់ក្បឿង ហើយប្រហែលជាស្ថាបត្យកម្មដែលល្អឯក និងមានបច្ចេកទេសខ្ពស់។

បច្ចុប្បន្ននេះ វិទ្យាស្ថានបារាំងចុងបូព៌ា កំពុងធ្វើកំណាយបន្តនៅជុំវិញប្រាសាទភិមានអាកាស ព្រមទាំងកំពែងវាំងជិតខ្លោងទ្វារចូលខាងឥសាន។ កំណាយនេះត្រូវលោក ហ្សាក់ ហ្គូសេ ពន្យល់ថា ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ដើម្បីចងក្រងព័ត៌មាន និងទិន្នន័យផ្សេងៗអំពីរចនាសម្ព័ន្ធព្រះបរមរាជវាំង ទំនាក់ទំនងរវាងកំពែង និងប្រាសាទភិមានអាកាស ការរៀបចំកសាងព្រះបរមរាជវាំងបុរាណតាមដំណាក់កាលនីមួយៗ និងកសាងរូបភាព 3D សម្រាប់បង្ហាញសាធារណៈទៅតាមកាលសម័យនីមួយៗ។ល៕






SHARE