លើកដំបូង​ហើយ ទូច ស្រី​លក្ខណ៍, ញឹម ចាន់ថន និង ម៉េង ប៊ុន​ឡូ បោះទុន​រួមគ្នា​ក្នុង​រឿង «ចិញ្ចៀន»

182

​ជា​លើកដំបូង​ហើយ​ដែល​តារាបីដួង​ដ៏​មាន​ប្រជាប្រិយភាពបាន​ចាប់ដៃគ្នា​ទាំង​សម្តែង និង បោះទុន​រួមគ្នា​ដើម្បី​ផលិត​រឿង «ចិញ្ចៀន» ទោះបីជា​រឿងនេះ​មិនទាន់​ដាក់​បញ្ចាំង​ជា​ផ្លូវការ ប៉ុន្តែ​តាមរយៈឈុតខ្លីដែលបានបង្ហាញនៅលើយូធូប និង ហ្វេសប៊ុក បង្ហាញឱ្យឃើញថាសន្ទុះ​នៃ​ការគាំទ្រ​គឺ​ខ្លាំង​មិនធម្មតា​ទេ ។​

​នៅក្នុង​ស​ន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៨ ប្រកាស​ដាក់​បញ្ចាំង​រឿង «ចិញ្ចៀន» គឺមាន​សិល្បករ​សិល្បការី​នី​ជាច្រើនរូប​ចូលរួម​អបអរសាទរ ក្នុងនោះ​មាន​តួអង្គ​សំខាន់ៗ​មួយចំនួន ដូចជា អ្នកនាង ទូច ស្រី​លក្ខណ៍, ញឹម ចាន់ថន, ដួង ម៉ា​និ​ច និង លោក ម៉េង ប៊ុន​ឡូ ជាដើម ។ តាម​សម្តី​លោក ម៉េង ប៊ុនឡូ បានឱ្យដឹងថា រឿង «ចិញ្ចៀន» នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩ នេះ នៅ​គ្រប់​រោងភាពយន្ត ទោះបីជា​រឿងនេះ​មិនទាន់ដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្តី ប៉ុន្តែ​លោក​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ចូលរួម​គាំទ្រ​ឱ្យបាន​ច្រើន​កុះករ ពីព្រោះ​រឿងនេះ​ពិតជា​គួរឱ្យ​ចង់​ទស្សនា ដោយសារ​មាន​ឈុត​ឆាកប្លែកៗ និង​ ភ័យរន្ធត់​ជាច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ថែមទាំង​មានការ​ថត​នៅតាម​តំបន់​ទេសចរ​ណ៍ជាច្រើន​នៅក្នុង​ប្រទេសកម្ពុជា ហើយ​រឿងនេះ​ផងដែរ​គឺមានបង្កប់​ទៅដោយ​អត្ថន័យ​យ៉ាងច្រើន​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​ស្នាដៃ​ថ្មី​នេះ​ត្រូវ​បានដឹងថា មានការ​ចូល​ហ៊ុន​គ្នា​ចំនួន ៣ ហ៊ុន ក្នុងនោះ​លោក ម៉េង ប៊ុន​ឡូ មាន​ហ៊ុន​ចំនួន ៥០ ភាគរយ និង អ្នកនាង ទូច ស្រី​លក្ខណ៍ ២៥ ភាគរយ ចំណែក ញឹម ចាន់ថន ២៥ ភាគរយ​ផងដែរ រួមទាំង​មាន​ការជួយជ្រោមជ្រែង​ពី​ផលិតកម្មចក្រ​វា​ឡ​ពេជ្រភាពយន្ត សរុបជាទឹកប្រាក់អស់ប្រមាណជាង ៤ ម៉ឺនដុល្លារ  នេះ​ជា​លើកដំបូង​ហើយ​ដែល​តារា​ទាំងបី​ដួង បាន​ពួតដៃគ្នា​ដឹកនាំ និង សម្តែង​ដោយផ្ទាល់​តែម្តង ដោយសង្ឃឹមថានឹងមាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ។​

​ញឹម ចាន់ថន បាន​បន្ថែមទៀតថា ទោះបីជា​ការបោះ​ទុន​រប​ស់​នាង​លើក​នេះ ជោគជ័យ​ឬ​មិន​ជោគជ័យ តែ​នាង​នៅតែ​ខំប្រឹង និង​ បន្ត​ផលិតភាព​យន្ត ជា​បន្តទៀត ដោយ​មិន​អស់សង្ឃឹម​ឡើយ ដោយ​សង្ឃឹម​ថ្ងៃ​ណាមួយ​នឹង​ទទួលបាន​ជោគជ័យ ។

​អ្វីដែល​ពិសេស​នោះ គឺ​ទស្សនិកជន​ដែល​បាន​ទៅ​ទស្សនា​រឿង «ចិញ្ចៀន» អាចមាន​សំណាង​នឹង​ទទួលបាន​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​ជាងមួយ​ពាន់​ដុល្លារទៀតផង នេះ​បើតាម​ការបញ្ជាក់​ប្រាប់​ពី​តារា​ទាំងបី​ដួង​ខាងលើ ។ ប្រសិនបើ​ចង់ដឹង​ច្បាស់​ថា​រឿង «ចិញ្ចៀន» មាន​បង្កប់​ទៅដោយ​សាច់រឿង​អ្វីខ្លះ​មានតែ​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ប៉ុណ្ណោះ ៕

SHARE