រ៉ហ្សេត លើកយកគុណវិបត្ដិចំនួន៧ចំណុចដែលនាងមានមកចែករំលែកក្នុងហ្វេសប៊ុក

205

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បើយោងតាមប្រភពហ្វេសប៊ុករបស់អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ចិត្តធម៌ រ៉ូហ្សេត បានលើកយកនូវគុណវិបត្តិចំនួន៧ចំណុចដែលនាងមានមកចែករំលែកជូនប្រិយមិត្តក្នុងបណ្ដាញសង្គម។ នាងបានរៀបរាប់ថា៖

ខ្ញុំ រាល់មនុស្សទាំងអស់ គុណសម្បត្តិ និងគុណវិបត្តិតែងតែមានទន្ទឹមគ្នា។ នៅទីនេះ មនុស្សគ្រប់គ្នាតែងតែលើកសរសើរនូវគុណសម្បត្តិរបស់ខ្ញុំ តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏មានគុណវិបត្តិច្រើនដែរ។ គុណវិបត្តិទាំងនោះ ខ្ញុំតែងតែសង្កេត និងដឹងដោយខ្លួនឯង ព្រោះខ្ញុំដឹងថា កាលណាខ្ញុំដឹងពីវា ខ្ញុំក៏អាចកែខៃវាឲ្យប្រសើរបានដែរ។

គុណវិបត្តិទីមួយរបស់ខ្ញុំគឺ ខ្ញុំឆាប់ឆេវឆាវ។ គ្រាន់តែនរណាម្នាក់និយាយអ្វីចេញមក ធ្វើឲ្យខ្ញុំមិនពេញចិត្ត ខ្ញុំក៏ឆាប់ប្រតិកម្មទៅវិញភ្លាមតែម្តងដោយមិនបានសួររកហេតុផលមុនឡើយ ទាល់តែផុតមួយរយៈទើបខ្ញុំគិតឡើងវិញអំពីកំហុសនោះ។

ទីពីរខ្ញុំសម្រចចិត្តលឿន។ ត្រង់នេះចង់បញ្ជាក់ថា ឲ្យតែខ្ញុំគិតភ្លាម គឺធ្វើភ្លាមតែម្តង ខ្ញុំមិនបានត្រិះរិះរកហេតុផលល្អ ឬមិនល្អឡើយ។ ចំណុចនេះ ខ្ញុំមិនអាចបញ្ជាក់បានថា វាជាចំណុចល្អឡើយ ខ្ញុំមិនដឹងថា អ្នកដទៃគិតយ៉ាងម៉េចឡើយចំពោះចំណុចនេះ តែសម្រាប់ខ្ញុំគឺជារឿងគួរឲ្យកែប្រែ។

ទីបីខ្ញុំគិតធំ ដូចជាខ្ញុំចង់ទិញនេះ ទិញនោះ ទាំងខ្ញុំមិនមានប្រាក់គ្រប់ចំនួន។ ខ្ញុំគិតថា រឿងនេះគឺជារឿងដែលខ្ញុំគួរកែប្រែ។

ទីបួនខ្ញុំជាមនុស្សចិត្តទន់ ស្មោះខ្លាំង។ បើខ្ញុំរាប់អាននរណាហើយ គឺខ្ញុំស្មោះត្រង់ជាមួយគេខ្លាំងណាស់ ទោះជាគេប្រព្រឹត្តកំហុសនឹងខ្ញុំប៉ុន្មានដង ក៏ខ្ញុំនៅតែអភ័យ នេះជាគុណវិបត្តិមួយរបស់ខ្ញុំផងដែរ។

ទីប្រាំខ្ញុំមិនសូវមានការគាំទ្រពីសំណាក់អ្នកនៅមូលដ្ឋានជាមួយ នេះមិនសំដៅទៅលើពលរដ្ឋទេ តែអ្នកធ្វើការជាមួយ។ ពួកគេយល់ថា ខ្ញុំជាក្មេងធ្លាប់នៅស្នាក់ការគណបក្ស ដូច្នេះពួកគេមិនសូវឲ្យតម្លៃខ្ញុំឡើយ។

ទីប្រាំមួយខ្ញុំជាមនុស្សមានពាក្យចចាមអារាមច្រើន ខ្ញុំគិតថា បើខ្ញុំធ្វើការងារធំជាងនេះ នឹងមានពាក្យចចាមអារាមកាន់តែច្រើនជាងនេះទៅទៀត។

និងទីប្រាំពីរខ្ញុំមិនសូវគិតគូរពីសុខភាព។ អាចថាខ្ញុំជាមនុស្សងប់នឹងការងារ ដូច្នេះរឿងសុខភាពជារឿងដែលខ្ញុំមិនសូវគិតគូរឡើយ។ ខ្ញុំក៏ដឹងដែរថា សុខភាពគឺជារឿងទីមួយ អ៊ីចឹងបានជាខ្ញុំថា វាជាគុណវិបត្តិដែលខ្ញុំគួរកែប្រែ។

ខ្ញុំដឹងថា ទាំងអស់នេះគឺជាអ្វីដែលខ្ញុំគួរកែប្រែ ខ្ញុំនឹងខិតខំកែប្រែវា បើខ្ញុំចង់បានភាពប្រសើរជាងនេះ៕


SHARE