រំភើបណាស់! កូនប្រុសមហាសេដ្ឋីម៉ាកាវ លុតជង្គង់សុំមិត្តស្រីរៀបការ ដែលជាតារាម៉ូដែលធ្លាប់រអិលជើងដួលលើឆាក យ៉ាងរ៉ូមែនទិក! (មានវីដេអូ)

94

ចិន៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំ ប្រហែលជាអាចនៅចាំបាន ពីកំពូលតារាម៉ូដែលស្រីលំដាប់ជួរមុខប្រចាំប្រទេសចិន កញ្ញា Ming Xi វ័យ ៣០ឆ្នាំ ដែលធ្លាប់រងការអាម៉ាស់នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតប្រចាំឆ្នាំ Victoria’s Secret Fashion Show កាលពីជាង ១ឆ្នាំមុន ដោយសារតែ រអិលកែងស្បែកជើង បណ្តាលឲ្យដួលអុកជង្គង់នៅកណ្តាលឆាក កំឡុងពេលដើរម៉ូត។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ហាក់ស្ងប់ស្ងាត់បាត់មួយរយៈធំ ថ្មីៗនេះតារាម៉ូដែលស្រីរូបស្រស់ Ming Xi ក៏បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីនាងត្រូវបានគេដឹងថា ត្រូវបានមិត្តប្រុសវ័យក្មេង ដែលជាកូនប្រុសមហាសេដ្ឋីម៉ាកាវ បានលុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិក។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា មិត្តប្រុសរបស់នាង គឺជាលោក Mario Ho ដែលត្រូវជាកូនប្រុសមហាសេដ្ឋីកាស៊ីណូម៉ាកាវ លោក Stanley Ho ។

ការស្នើរសុំរៀបការនេះ ត្រូវបានគេដឹងថា រៀបចំធ្វើឡើងកាលពីច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ នៅក្នុងទីតាំងមជ្ឈមណ្ឌលផ្សារទំនើប Shanghai’s L’Avenue Mall ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលនៅក្នុងនោះ លោក Mario ជាគូស្នេហ៍បានកក់យក ៣ជាន់នៃផ្សារទំនើប ក៏ដូចជាការ Surprise មិត្តស្រីយ៉ាងរ៉ូមែនទិក ជាមួយនឹងការដេគ័រ (Background) គឺសុទ្ធសឹងតែជាពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាតទាក់ទាញ ប្រៀបបីដូចក្នុងរឿងព្រេងនិទាន។

នៅក្នុងថ្ងៃនោះ កូនប្រុសមហាសេដ្ឋីវ័យ ២៤ឆ្នាំរូបនេះ បានពោលពាក្យទៅកាន់គូស្នេហ៍ កញ្ញា Ming Xi ពេលលុតជង្គង់សុំនាងរៀបការថា៖

«អូនគឺជាក្មេងស្រីម្នាក់ដែលគ្មានកំហុស ដូច្នេះហើយទើបបានជាបងចង់រស់នៅជាមួយនឹងអូន។ ពាក្យសម្ដីដែលអូននិយាយ ឬសកម្មភាពដែលអូនធ្វើ វាគឺជាអ្វីៗទាំងអស់ដែលពួកយើងបានចំណាយពេលជាមួយគ្នា និងធ្វើឲ្យបងមានអារម្មណ៍ថាមានទំនុកចិត្តខ្លាំង។ ការចំណាយពេលរបស់ពួកយើងនៅជាមួយគ្នា វាគឺពិតជាអស្ចារ្យបំផុតក្នុងជីវិតរបស់បង។ ហើយបងពិតជាចង់រក្សាតម្លៃនៃសេចក្តីស្នេហាមួយនេះឲ្យកាន់តែខ្លាំងឡើង។ បងសង្ឃឹមថា នេះគឺជាស្នេហា ឬសេចក្តីស្រលាញ់ ដែលនឹងស្ថិតស្ថេរជារៀងរហូត» ។

និយាយចប់ភ្លាម លោក Mario ក៏បានសួរសំណួរចុងក្រោយ ទៅកាន់មិត្តស្រីខ្លួនថា «Ming Xi តើអូនព្រមរៀបការជាមួយនឹងបងទេ?» ។

វាពិតជារំភើបដែល Ming Xi នាងបានឆ្លើយ «យល់ព្រម» ទទួលយកកូនប្រុសមហាសេដ្ឋីរូបនេះ ជាម្ចាស់បេះដូង។ ក្រោយមកលោក Mario ក៏បានដកចិញ្ចៀនបំពាក់ឲ្យនាង ខណៈសំឡេងហោរំពងក៏បានបន្លឺឡើង ពីសំណាក់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះ ដើម្បីជាការអបអរសាទរដល់ពួកគេទាំងពីរផងដែរ។

គួរឲ្យដឹងផងដែរថា កាលពីមួយខែមុននេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជុំវិញនឹងគូស្នេហ៍អ្នកទាំងពីរផងដែរ ដែលត្រូវបានគេនិយាយថា Ming Xi នាងមានទម្ងន់មុនរៀបការ ខណៈដែលលោក Mario ក៏បានធ្វើការបដិសេធចំពោះការចោទប្រកាន់ ឬពាក្យចចាមអារ៉ាមទាំងនោះ ហើយលោកថែមទាំងហ៊ានផ្តល់លុយឲ្យ ១០០លានដុល្លារហុងកុង ឬប្រហែលស្មើនឹង ១២,៧លានដុល្លារអាមេរិកឯណោះ ប្រសិនណាបើនរណាម្នាក់ ហ៊ានចេញមុខនិងបង្ហាញភស្ថុតាងឲ្យលោកបានឃើញ៕

ទស្សនារូបភាពខាងក្រោម៖

SHARE