ម៉ែអាថ្លែនគ្រាន់តែឃើញបះសក់!! ចិញ្ចឹមសត្វតោក្នុងផ្ទះ អង្គុយបោះសាច់ស្រស់ៗឲ្យស៊ី ទាំងមិនញញើត (មានវីដេអូ)

433

ម៉ែអាថ្លែនគ្រាន់តែឃើញបះសក់!! ចិញ្ចឹមសត្វតោក្នុងផ្ទះ អង្គុយបោះសាច់ស្រស់ៗឲ្យស៊ី ទាំងមិនញញើត! (មានវីដេអូ) ប៉ាគីស្ថាន៖ អាចចាត់ទុកបានថា ជារឿងដ៏ភ្ញាក់ផ្អើល និងព្រឺឆ្អឹងខ្នង បន្ទាប់ពីបុរសជនជាតិប៉ាគីស្ថានម្នាក់ បានទិញសត្វតោមួយក្បាលយកមកចិញ្ចឹមក្នុងផ្ទះ ដាក់ចំណីសុទ្ធតែសាច់ឆៅស្រស់ៗឲ្យស៊ី ទាំងមិនខ្លាចញញើត។

លោក Zulkaif Chaudhary អាយុ ៣៣ឆ្នាំ រស់នៅក្នុងទីក្រុង Multan ប្រទេសប៉ាគីស្ថាន បានទិញសត្វតោមួយក្បាលយកមកចិញ្ចឹម ដោយព្រលែងឲ្យវារស់នៅក្នុងផ្ទះជាមួយតែម្តង។ តោមួយក្បាលនេះ មានទម្ងន់ ៧៦គីឡូក្រាម ហើយក្នុងមួយថ្ងៃវាស៊ីសាច់ឆៅអស់ជាង ៧គីឡូក្រាម។

តាមការឲ្យដឹងពីលោក Chaudhary បាននិយាយថា លោកពិតជាស្រលាញ់កូនតោនេះណាស់ និងចាត់ទុកវាដូចជាកូនយ៉ាងអីចឹង។ លោកថា លោកបានទិញវាយកមកចិញ្ចឹម តាំងតែពីវាមានអាយុបាន ២ខែមកម៉្លេះ។ បើគិតមកទល់ពេលនេះ វាបានរស់នៅជាមួយលោករយៈពេល ៦ខែហើយ។
លោកថា លោកជាមនុស្សម្នាក់ដែលស្រលាញ់សត្វតោយ៉ាងខ្លាំង ហើយលោកក៏ចង់មើលថែទាំវាឲ្យបានល្អផងដែរ។ លោកមិនដែលពិភាក្សាជាមួយនឹងគ្រួសាររបស់លោក ពីរឿងទិញតោយកមកចិញ្ចឹមនោះទេ ព្រោះតែខ្លាចគ្រួសាររបស់លោកប្រឆាំង។ ប៉ុន្តែមិនថាយ៉ាងណា ក្រោយលោកបានទិញវាយកមកចិញ្ចឹមក្នុងផ្ទះហើយនោះ គ្រួសាររបស់លោកក៏មានទឹកចិត្តស្រលាញ់ទៅលើវា មិនខុសគ្នាប៉ុន្មានទៅនឹងលោកនោះដែរ។ ហើយពួកគេទាំងថែមមកមើល មកលេង និងដាក់ចំណីឲ្យតោរបស់លោកសឹងរាល់ថ្ងៃតែម្តង។

លោក Chaudhary បន្តថា បើទោះបីជាយ៉ាងណា លោកក៏មានការព្រួយបារម្ភខ្លះៗដែរ ខ្លាចក្រែងថ្ងៃណាមួយ កូនតោរបស់លោកវាយប្រហារមកលើគ្រួសារលោក ព្រោះសូម្បីតែកូនប្រុសរបស់លោក ក៏តែងតែចូលចិត្តមកប្រលែងលេងជាមួយតោនេះដែរ។ ម្យ៉ាងលោកក៏មិនដែលបានដាក់ច្រវាក់វាដែរ ព្រោះតែលោកស្រលាញ់ និងមើលថែទាំវាយ៉ាងយកចិត្តទុកដាក់បំផុត ដូចជាសត្វឆ្កែមួយក្បាលយ៉ាងអីចឹង។

លោកបានបញ្ជាក់ថា ថ្វីបើយកវាមកចិញ្ចឹមក្នុងផ្ទះ រស់នៅជាមួយគ្នាក្តី ប៉ុន្តែលោកក៏បានរៀបចំមួយប្លុកសម្រាប់ឲ្យតោរបស់លោកផងដែរ ដើម្បីការពារសុវត្ថិភាព។ ពោលគឺ តោរបស់លោកមានបន្ទប់ដេកធំទូលាយផ្ទាល់ខ្លួនរបស់វា និងថែមទាំងដាក់ម៉ាស៊ីនត្រជាក់មួយគ្រឿងឲ្យថែមទៀតផង។

លោក Chaudhary បានអះអាងប្រាប់ថា លោកទទួលបានសិទ្ធិអនុញ្ញាតយ៉ាងត្រឹមត្រូវពីអាជ្ញាធរ ជុំវិញនឹងការរក្សាទុក ឬចិញ្ចឹមសត្វតោនេះនៅក្នុងផ្ទះ។ ប៉ុន្តែលោកបានបដិសេធមិនស្រាយលម្អិត ឬប្រាប់ពីទីកន្លែង ដែលលោកបានទិញតោមួយក្បាលនេះ ក្នុងតម្លៃជាង ៤ពាន់ដុល្លារ យកមកចិញ្ចឹមនោះទេ។

បើតាមប្រភពបានឲ្យដឹងថា ឥឡូវនេះគ្រួសារ និងមិត្តភក្តិរបស់លោក Chaudhary តែងតែនាំគ្នាមកមើលសត្វតោជាទីស្រលាញ់នេះសឹងរាល់ថ្ងៃ និងថតរូបជាមួយនឹងវាផងដែរ។

បុរសអ្នកមាន លោក Chaudhary ថា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កូនតោរបស់លោកបានធំធាត់យ៉ាងលឿន។ លោកចិញ្ចឹមវាដោយឲ្យសាច់ចៀម សាច់គោ និងសាច់មាន់ជាដើម ជាចំណីដល់វា។ ហើយក្នុងមួយខែៗ លោកក៏ត្រូវចំណាយប្រាក់អស់ខ្ទង់ ២ ៤០០ផោនឯណោះ (ឬប្រហែលជាង ៣ពាន់ដុល្លារអាមេរិក) ដើម្បីទិញចំណីឲ្យស៊ី។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃលោក Chaudhary ក៏តែងតែបង្រៀនតោរបស់លោក ប្រៀបបីដូចសត្វឆ្កែអីចឹង នៅក្នុងការធ្វើសកម្មភាពនានា ដូចជាការអង្គុយ ដើរ ស៊ី ជាដើម។ លោកក៏តែងតែនាំវាដើរចេញក្រៅផ្ទះ នៅរៀងរាល់ពេលព្រឹកផងដែរ។

លោកថា តោរបស់លោកវាពិតជារួសរាយរាក់ទាក់ខ្លាំងណាស់ ហើយក៏ស្រលាញ់ចូលចិត្តលោកដូចគ្នា។ វាតែងប្រលែងលេងជាមួយលោកជារឿយៗ ហើយនៅព្រឹកខ្ទង់ម៉ោង ៥ ទៅ ៦ព្រឹក លោកតែងតែបណ្ដើរវាដើរលេងក្រៅផ្ទះយ៉ាងសប្បាយរីករាយជាមួយគ្នា។

គួរឲ្យដឹងផងដែរថា បើតាមការឲ្យដឹងបន្ថែមពីលោក Chaudhary បានលើកឡើងថា ឥឡូវនេះតំបន់ដែលលោករស់នៅ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង មកលើកូនតោជាទីស្រលាញ់របស់លោក ប្រៀបបីដូចតារាល្បីយ៉ាងអីចឹង។ នេះក៏ព្រោះតែគ្រប់គ្នាតែងតែចង់មកលេង និងអើតមើលតោរបស់លោកដល់ៗផ្ទះមិនដែលដាច់។ ហើយពួកគេទាំងនោះ ក៏តែងតែបង្ហាញពីក្តីស្រលាញ់ និងការប្រលែងលេងជាមួយនឹងកូនតោរបស់លោកផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

វីដេអូនៅខាងក្រេាម!!

SHARE