មិនសរសើរមិនបាន អ្នកគ្រូម្នាក់យកម៉ូតូអូសរ៉ឺម៉កដឹកសិស្សតូចៗទៅរៀនរាល់ថ្ងៃ !

111


ពិតជាមានសណ្តាន់ចិត្តល្អមែន អ្នកគ្រូម្នាក់ ឈ្មោះ សេង ​នឿន បង្រៀននៅសាលាមត្តេយ្យមួយកន្លែង នៅក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានស្ងើចសរសើរពីសណ្តាន់ចិត្ត និង ទឹកចិត្តសប្បុរសរបស់គាត់ ព្រោះតែចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ គាត់បានដើរដឹកកូនចៅអ្នកស្រុកតូចៗដើម្បីយកទៅរៀន ដោយមិនគិតកម្រៃឡើយ ។


សកម្មភាព និង ទង្វើរបស់គាត់នេះគឺគាត់មានបំណងតែមួយគត់ ចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ និង មានចំណេះដឹងគ្រប់គ្នាដើម្បីចៀសឱ្យផុតពីជំងឺអវិជ្ជា ។ ជាប្រចាំ និង ជាទៀងទាត់អ្នកគ្រូ សេង នឿន បានឌុបសិស្សចំនួន ១២ នាក់ ទៅសាលារៀន ជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយមិនមានការនឿយហត់ឡើយ គោលបំណងរបស់គាត់ធ្វើយ៉ាងណាឱ្យពួកគេទទួលបានការអប់រំល្អបំផុត តាមដែលគាត់អាចធ្វើបាន ។


អ្នកគ្រូ សេង នឿន គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​សិក្សា​ដ៏​ល្អ​ម្នាក់ ​ទង្វើ​ដ៏​គួរ​ឱ្យកោត​សរសើររបស់គាត់​បែប​នេះ ត្រូវ​បាន​​អង្គការ​ Unicef Cambodia ​សរសេរ​រៀប​រាប់​នៅលើ​ទំព័រហ្វេសប៊ុកអង្គការដោយ​ផ្ទាល់​ កាលពីពេល​ថ្មីៗកន្លងទៅនេះ ។


អ្នកគ្រូ សេង នឿន មានទីលំនៅចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីសាលាមត្តេយ្យ ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រៀងរាល់ថ្ងៃ អ្នកគ្រូសុខចិត្តដាក់រទេះដឹកកូនសិស្សទៅសាលា ព្រោះចង់ឱ្យពួកគេទទួលបានការអប់រំ ខណៈដែលឪពុកម្ដាយក្មេងៗទាំងនោះ មិនអាចជូនកូនទៅសាលាដោយសារជាប់រវល់នឹងការងារចិញ្ចឹមជីវិត ។


ពីដំបូង​មាន​លោក​តា​លោក​យាយ​របស់​ក្មេង​ៗ​ទាំងនោះ បាន​មក​សុំ​ពឹង​ឱ្យ​អ្នកគ្រូ​ជួយ​យក​ចៅ​ទៅ​សាលា​ផង ព្រោះ​តែ​ជា​អ្នក​ជិតខាង​គ្នា​ អ្នក​គ្រូ​ក៏​ព្រម​។អ្នក​គ្រូ​ចាប់​ផ្ដើម​ឌុប​​ពីក្មេង​ ៥ នាក់​ទៅ​សាលា​ជាមួយ​រទេះ​ខ្ជី​គេ​មួយ​នេះ។ ពេលនោះអ្នក​គ្រូ​រំពឹង​​ថា ​ចំនួន​សិស្ស​នឹង​ថយ​ចុះ​ បន្ទាប់​ពី​ពួកគេ​ឡើង​ថ្នាក់​បឋម​សិក្សា​ តែ​ផ្ទុយ​ទៅ​វិញ វាមិនដូចច្នេះឯណា សិស្សចាស់ឡើងថ្នាក់ សិស្សចូលថ្មី​នៅ​តែ​កើន​ឡើងជាងមុន ។


អ្នក​គ្រូ​បានបង្ហើប​ថា​ ការ​ដឹក​សិស្ស​ទៅ​សាលារៀន​ មិន​មាន​នរណា​​ជួយឧបត្ថម្ភ​ថ្លៃ​សាំង​អ្វី​ឡើយ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​បាន​បញ្ឈប់​ទឹក​ចិត្ត​ដ៏ល្អ​​របស់​អ្នក​គ្រូ​ ក្នុង​ការ​បញ្ជូន​សិស្ស​តូច​ៗ​​ទៅ​ក្រេប​ចំណេះ​ដឹង​ដើម្បីអនាគតរបស់ពួកគេឡើយ ៕


SHARE