កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី សម្រេចចិត្តចូលនិវត្តន៍ ក្រោមហេតុផលពីរយ៉ាង

482

កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូ កម្ពុជា ស៊ន សៀវម៉ី ​​ដែលទើបតែ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ Asian Games 2018 ត្រឹម​វគ្គ​៨​នាក់​ចុង​ក្រោយនៅព្រឹត្តិការណ៍កីឡាអាសុីកាលពីខែមុន បានបង្ហើបប្រាប់ពីគម្រោងចូលនិវត្តន៍របស់ខ្លួននៅពេលឆាប់ៗនេះ។

មូល​ហេតុ​ចំនួន ២ ដែល​ធ្វើ​​ឲ្យ​កីឡា​ការិនី​រូប​នេះចង់​សម្រាក​​​ ពី​វិស័យ​កីឡា​តេក្វាន់ដូ​រយៈ​ពេល​យូរ ដែល​មិន​ទាន់​កំណត់​បាន​ថា នឹង​វិល​វិញ​នៅ​ពេល​ណានោះគឺ ៖

មូលហេតុ​​ទី​១ ម្ចាស់​មេដាយ​មាស​អាស៊ី​ឆ្នាំ​២០១៤ ​រូប​នេះ​​រៀបរាប់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ដឹង​​ពី​​ខ្លួន​របស់​ខ្ញុំ​​បង​ ថា​ វា​មាន​បញ្ហា​លំបាក​​អ្វី​ខ្លះ​។ ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្លួន​របស់​ខ្ញុំ​ឈឺ​ច្រើន​ ដូច្នេះ​ខ្ញុំ​គិត​ថា ត្រូវ​ការ​សម្រាក​មួយ​រយៈ​ ហើយ​ក៏​មិន​ប្រាកដ​ថា នឹង​ចូល​លេង​កីឡា​វិញ​ ឬ​យ៉ាង​ណា​នោះ​ដែរ។ សំខាន់​គ្មាន​អ្នក​ណា​ដឹង​ថា ខ្ញុំ​ហាត់​ទាំង​ឈឺ​ឡើយ។ និយាយ​រួម​មាន​តែ​ខ្ញុំ​ និង​គ្រូ​ខ្ញុំ​ទេ ​ដែល​ដឹង» ។

​​មូលហេតុ​ទី​២ សៀវម៉ី បាននិយាយ​បន្ថែមថា « ​​បញ្ញា​ធំ​របស់​ខ្ញុំ​គឺ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​។ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​បន្ត​ទៅ​មុខ​ទៀត ព្រោះ​អី​មាន​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ ដែល​គេ​ឃើញ​អ្នក​ផ្សេង​ល្អ​ជាង​ខ្ញុំ​។ អ៊ីចឹង​ហើយ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​គាត់​មើល​ឃើញ​អ្នក​ផ្សេង​ ដែល​ល្អ​ជាង​ខ្ញុំ​ មក​ជំនួស​ខ្ញុំ​» ។

គួរបញ្ជាក់ថា ក្រៅ​ពី​ធ្លាប់​ឈ្នះ​មេដាយ​មាស​ Asian Games នៅ​ឆ្នាំ​ ២០១៤ ស៊ន សៀវម៉ី ធ្លាប់​ឈ្នះ​មេដាយ​មាស​ពីរ​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៣ ហើយ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១១ផង​ដែរ៕

SHARE